ព្រះត្រៃបិដក ភាគ ៧៦

កាល​ព្រះ​លោកនាយក មាន​ភិក្ខុ​ចំនួន​មួយ​ពាន់​រូប​ចោមរោម ទ្រង់​ស្ដេច​ទៅកាន់​ក្រុង​រាជគ្រឹះ ព្រះ​ឥន្រ្ទ​ក៏បាន​ពោល​សរសើរ​ថា
 ព្រះមានព្រះភាគ មាន​ឥន្រ្ទិយ​ទូន្មាន​ហើយ មានព្រះហឫទ័យ​ផុត​ចាក​កិលេស​ហើយ ព្រមដោយ​បុរាណ​ជដិល​ទាំងឡាយ ដែល​មាន​ឥន្រ្ទិយ​ទូន្មាន មានចិត្ត​ផុត​ស្រឡះ​ហើយ ទ្រង់​មាន​ពណ៌​បី ដូចជា​ពណ៌​នៃ​មាស​ឆ្ដោ​ឈ្មោះ​សិង្គី ស្ដេចយាង​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ។
 ខ្ញុំ​បានឃើញ​អានុភាព​នៃ​ព្រះពុទ្ធ​នោះ​ផង បាន​ស្ដាប់ការ​ប្រជុំ​នូវ​គុណ​នោះ​ផង ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​គុណ​របស់​ព្រះពុទ្ធ បាន​បូជា​ព្រះពុទ្ធ​នោះ សមគួរ​តាម​កម្លាំង។ ក្នុង​កាលជាខាងក្រោយមក ខ្ញុំ​ចេញ​ចាក​ផ្ទះ ចូល​ទៅកាន់​ផ្នួស ក្នុង​សំណាក់​នៃ​នាង​ធម្ម​ទិ​ន្នា​ថេរី។ កាល​សក់​កំពុង​ដាច់​ចុះ ខ្ញុំ​បាន​ដុត​បំផ្លាញ​ពួក​កិលេស​ហើយ ខ្ញុំ​បួស​មិនយូរ​ប៉ុន្មាន ក៏បាន​រៀន​នូវ​ព្រះពុទ្ធ​សាសនា​ចប់​សព្វគ្រប់។
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637643988680261585
ទៅកាន់ទំព័រ៖