ព្រះត្រៃបិដក ភាគ ៧៦
អភិរូបនន្ទាថេរិយាបទាន ទី៦
[៣៦] ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មានព្រះនេត្រដូចជាមាស មានចក្ខុក្នុងធម៌ទាំងពួង កើតឡើង។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលធំស្ដុកស្ដម្ភ ទូលំទូលាយ ក្នុងពន្ធុមតីនគរ ជាស្រ្ដីមានរូបល្អ គួរមហាជនបូជា។ ខ្ញុំបានចូលទៅគាល់ព្រះលោកនាយក ព្រះនាមវិបស្សី ទ្រង់មានព្យាយាមធំ បានស្ដាប់ធម៌ហើយ ដល់នូវព្រះពុទ្ធជានាយកនៃពួកជនជាទីពឹង។ ខ្ញុំជាអ្នកសង្រួមល្អ ក្នុងសីលទាំងឡាយ កាលដែលព្រះលោកនាយក ដ៏ខ្ពង់ខ្ពស់ជាងពួកជន ទ្រង់បរិនិព្វានទៅហើយ ខ្ញុំបានបូជាឆត្រមាស តម្កល់ពីខាងលើនៃព្រះស្ដូបដែលបញ្ចុះព្រះធាតុ។ ខ្ញុំបានបរិច្ចាគទានរួចផុតហើយ ជាអ្នកមានសីលល្អ រស់នៅរហូតកំណត់អាយុ ក៏បានច្យុតចាកទីនោះ លុះខ្ញុំលះបង់រាងកាយជារបស់នៃមនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។
ID: 637643989474636958
ទៅកាន់ទំព័រ៖