ព្រះត្រៃបិដក ភាគ ៧៦
កាលនោះ ខ្ញុំគ្របសង្កត់នូវពួកទេវតាដទៃ មិនសេសសល់ ដោយហេតុ ១០ យ៉ាង គឺបានរុងរឿង គ្របសង្កត់ដោយរូប ១ សម្លេង ១ ក្លិន ១ រស ១ សម្ផ័ស្ស ១ អាយុ ១ ពណ៌ ១ សេចក្ដីសុខ ១ យស ១ ភាពនៃខ្លួនជាធំ ១។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំបានកើតជាធីតានៃខេមកសាក្យៈ ប្រាកដនាមថានន្ទា ក្នុងក្រុងកបិលពស្ដុ។ កាលណាខ្ញុំដល់នូវសេចក្ដីចម្រើន ស្អិតស្អាងដោយរូប និងពណ៌ កាលនោះ ពួកជនបានពោលថា ខ្ញុំជាស្រីស្រួចមួយ មានរូបសម្បត្តិល្អ។ សេចក្ដីវិវាទដ៏ធំក្រៃលែង កើតមានដល់ពួកសក្យៈក្នុងនគរនេះ ព្រោះតែស្រឡាញ់ខ្ញុំ លំដាប់នោះ បិតាបានឲ្យខ្ញុំបួស ដោយគិតថា កុំឲ្យពួកសក្យៈវិនាសឡើយ។ លុះខ្ញុំបួសរួចហើយ បានឮព្រះតថាគត ជាបុគ្គលប្រសើរជាងពួកជន ទ្រង់តិះដៀលរូប ខ្ញុំជាស្រីប្រកាន់រូប មិនចូលទៅជិតព្រះអង្គ។
ID: 637643989704324039
ទៅកាន់ទំព័រ៖