ព្រះត្រៃបិដក ភាគ ៧៦
កាលខ្ញុំពិចារណារូបនុ៎ះ យ៉ាងនេះហើយ ក៏មិនមានខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ លំដាប់នោះ ក៏នឿយណាយដោយបញ្ញាជារបស់ខ្លួន ខ្ញុំនោះ មិនមានសេចក្ដីប្រមាទ ពិចារណាក្នុងទីនេះដោយឧបាយ ក៏ឃើញកាយនេះ ទាំងខាងក្នុង ទាំងខាងក្រៅ តាមសភាពពិត។ កាលនោះ ខ្ញុំនឿយណាយក្នុងកាយផង ប្រាសចាកការត្រេកអរនឹងកាយ ប្រព្រឹត្តទៅខាងក្នុងផង ហើយជាអ្នកមិនមានសេចក្ដីប្រមាទ អស់កិលេសជាគ្រឿងផ្សំ ស្ងប់រម្ងាប់កិលេស មានទុក្ខរលត់ហើយ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញ ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំជម្រះស្អាតល្អហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃខ្ញុំព្រះអង្គ កើតឡើងក្នុងសំណាក់នៃព្រះអង្គ។
ID: 637643990204792815
ទៅកាន់ទំព័រ៖