ព្រះត្រៃបិដក ភាគ ៧៦
កាលនោះ ខ្ញុំបានបួសក្នុងសាសនារបស់ព្រះពុទ្ធអង្គនោះ បានសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង។ ខ្ញុំជាអ្នកដឹងប្រមាណក្នុងអាសនៈដ៏ទាបផង ប្រកបក្នុងការភ្ញាក់រឭកផង មានសេចក្ដីព្យាយាមប្រកបហើយផង កាលនោះ ខ្ញុំមានចិត្តប្រទូស្ត បានជេរភិក្ខុនី ដែលប្រាសចាកអាសវៈ អស់វារៈម្ដងថា នែស្រ្ដីផ្កាមាស ខ្ញុំក៏ទៅឆេះក្នុងនរក ព្រោះបាបកម្មនោះឯង។ ដោយកម្មដ៏សេសនោះ ដល់មកក្នុងបច្ឆិមជាតិ ខ្ញុំកើតក្នុងត្រកូលនៃស្រ្ដីផ្កាមាស ជាអ្នកអាស្រ័យចិញ្ចឹមជីវិតដោយបុគ្គលដទៃទៀតជាច្រើន។ ខ្ញុំបានកើតក្នុងត្រកូលសេដ្ឋី នៅក្នុងដែនកាសី ដោយផលដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ជាអ្នកបរិបូណ៌ដោយរូប បីដូចជាស្រីអប្សរ ក្នុងទេវលោក។ ជនទាំងឡាយ បានឃើញខ្ញុំដែលគួររមិលមើល ក្នុងគិរិព្វជបុរីដ៏ឧត្ដម ក៏ញ៉ាំងខ្ញុំឲ្យនៅក្នុងពួកនៃស្រ្ដីផ្កាមាស ព្រោះផលនៃការជេររបស់ខ្ញុំនោះ។
ID: 637643990744636502
ទៅកាន់ទំព័រ៖