ព្រះត្រៃបិដក ភាគ ៧៦
ខ្ញុំបានទៅកើតក្នុងនរកដ៏អាក្រក់ ឆ្អែតឆ្អល់ដោយសេចក្តីទុក្ខយ៉ាងខ្លាំង លុះខ្ញុំរួចចាកនរកនោះ បានមកកើតក្នុងមនុស្ស ជាស្រីមានតបៈ។ ខ្ញុំកើតជាស្រីផ្កាមាស អស់ ១០ ពាន់ជាតិ ខ្ញុំមិនរួចចាកបាបនោះទេ ដូចបុគ្គលបរិភោគថ្នាំពិសដ៏កាចអាក្រក់។ ខ្ញុំបានសេពគប់នូវភេទដ៏ប្រសើរ កើតក្នុងសាសនានៃព្រះជិនស្រី ព្រះនាមកស្សប ដោយអំណាចនៃផលកម្មនោះ ខ្ញុំបានទៅកើតក្នុងបុរីឋានត្រៃត្រឹង្ស។ លុះមកដល់បច្ឆិមភព ខ្ញុំជាឱបបាតិកកំណើត បានកើតក្នុងចន្លោះនៃមែកស្វាយ ព្រោះហេតុនោះ បានជាខ្ញុំឈ្មោះថា អម្ពបាលី។ ខ្ញុំមានពួកសត្វមួយកោដិចោមរោមហើយ បួសក្នុងសាសនាព្រះជិនស្រី បានជាធីតា ជាឱរសនៃព្រះពុទ្ធ ហើយបានដល់ឋានដ៏មិនកម្រើក។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតហើយ អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។
ID: 637643992889167811
ទៅកាន់ទំព័រ៖