ព្រះត្រៃបិដក ភាគ ៧៦

វិមាន​របស់ខ្ញុំ ដែល​កុសល​ធ្វើល្អ​ហើយ​ក្នុង​ទីនោះ មាន​កំពស់​ទៅ​ខាងលើ​មួយ​យោជន៍ ប្រដាប់ដោយ​ផ្ទះ​កំពូល​ដ៏​ប្រសើរ មាន​អាសនៈ​ធំ ស្អិតស្អាង​ល្អ​ហើយ។ ស្រី​អប្សរ​មួយ​សែន តែង​បម្រើ​ខ្ញុំ​សព្វៗកាល ខ្ញុំ​រុងរឿង​កន្លង​លើស​ទេវតា​ទាំងឡាយ​ដទៃ​សព្វៗកាល។ ខ្ញុំ​បាន​ជាម​ហេ​សី​នៃ​ទេវរាជ ៦៤ ដង បាន​ជាម​ហេ​សី​នៃ​ស្តេច​ចក្រពត្តិ ៣៦ ដង។ ខ្ញុំ​មាន​ពណ៌​ដូចជា​មាស តែង​អន្ទោល​ទៅ​ក្នុង​ភព​ទាំងឡាយ ខ្ញុំ​ជា​ស្រីប្រសើរ ក្នុង​ទី​ទាំងពួង នេះ​ជា​ផល​នៃ​ឧបោសថ។ ខ្ញុំ​តែង​បាន​នូវ​វត្ថុ​ទាំងពួង​នេះ គឺ​យាន​ដំរី យាន​សេះ យាន​រថ ទាំងអស់​នេះ​ជា​ផល​នៃ​ឧបោសថ។ ខ្ញុំ​បាន​នូវ​វត្ថុ​ទាំងពួង ជា​វិការៈ​នៃ​មាស ជា​វិការៈ​នៃ​ប្រាក់ ជា​វិការៈ​នៃ​កែវផលិក ជា​វិការៈ​នៃ​កែវ​មាន​ពណ៌ក្រហម។ ខ្ញុំ​បាន​នូវ​វត្ថុ​ទាំងពួង គឺ​សំពត់​កោសេយ្យ​ពស្ត្រ និង​សំពត់​កម្ពល​ផង សំពត់​សម្បកឈើ និង​សំពត់អំបោះ​ផង សំពត់​មាន​ថ្លៃ​ដ៏​ច្រើន​ផង។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637643928947590043
ទៅកាន់ទំព័រ៖