ព្រះត្រៃបិដក ភាគ ៧៦
ខ្ញុំបាននូវវត្ថុទាំងពួងនេះ គឺបាយ ទឹក ខាទនីយៈ សំពត់ និងសេនាសនៈ នេះជាផលនៃឧបោសថ។ ខ្ញុំបាននូវវត្ថុទាំងពួងនេះ គឺគ្រឿងក្រអូបដ៏ប្រសើរ និងកម្រងផ្កា លំអិតសម្រាប់លាប នេះជាផលនៃឧបោសថ។ ខ្ញុំបាននូវវត្ថុទាំងនេះ គឺផ្ទះមានកំពូល ប្រាសាទ មណ្ឌប ប្រាសាទមានដំបូលរលីង និងគុហា នេះជាផលនៃឧបោសថ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានចូលទៅកាន់ផ្នួស មិនទាន់បានកន្លះខែ ក៏មានសម្រេចព្រះអរហត្ត ខ្ញុំមានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃឧបោសថ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643929148371307
ទៅកាន់ទំព័រ៖