ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ជា​សំឡាញ់​នៃ​ធីតា​ទាំងនោះ មានចិត្ត​តម្កល់​មាំ​ក្នុង​សីល ឲ្យ​នូវ​ទាន​ទាំងឡាយ​ដោយ​គោរព ប្រព្រឹត្ត​នូវ​វត្ត​ក្នុង​ផ្ទះ។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់​នូវ​សេចក្តី​ប្រាថ្នា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។ ខ្ញុំ​ច្យុត​អំពី​ឋាន​នោះ​មក ក៏បាន​ទៅ​កើត​ក្នុង​ឋាន​យាមៈ លុះ​ច្យុត​អំពី​ឋាន​យាមៈ​នោះ បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត លុះ​ច្យុត​អំពី​តុសិត​នោះ បាន​ទៅ​កើត​ក្នុង​ឋាន​និម្មានរតី លុះ​ច្យុត​អំពី​និម្មានរតី​នោះ បាន​ទៅ​កើត​ក្នុង​វសវត្តី​បុរី។ ខ្ញុំ​ជា​ស្រី​ប្រកបដោយ​បុញ្ញកម្ម​នោះ ទៅ​កើត​ក្នុង​ឋាន​ណាៗ តែង​បាន​នូវ​ភាពជា​មហេសី​របស់​ស្តេច​ទាំងឡាយ ក្នុង​ឋាន​នោះៗ។ លុះ​ខ្ញុំ​ច្យុត​អំពី​អត្តភាព​នោះ​ហើយ បាន​មក​កើតជា​មនុស្ស ក៏បាន​នូវ​ភាពជា​មហេសី​នៃ​ស្តេច​ចក្រពត្តិ​ទាំងឡាយ​ផង នៃ​ស្តេច​ដែល​មាន​មណ្ឌល​ទាំងឡាយ​ផង។ ខ្ញុំ​ទទួល​នូវ​សម្បត្តិ​ក្នុង​ទេវតា​ទាំងឡាយ​ផង ក្នុង​មនុស្ស​ទាំងឡាយ​ផង ជា​ស្រ្តី​មាន​សេចក្តី​សុខ ក្នុង​ទី​ទាំងពួង អនោ្ទល​ទៅ​អស់​ច្រើន​ជាតិ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637643922624152867
ទៅកាន់ទំព័រ៖