ព្រះត្រៃបិដក ភាគ ៧៦
            
        
        
            
            
                
                បពិត្រព្រះមហាមុនី អាសនៈនេះ ខ្ញុំក្រាលហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ សូមព្រះអង្គអាស្រ័យនូវសេចក្តីអនុគ្រោះ គង់លើអាសនៈរបស់ខ្ញុំ។ ព្រះសមណៈមានព្រះទ័យទូន្មានហើយ មានព្រះទ័យបរិសុទ្ធ គង់លើអាសនៈនោះ ខ្ញុំទទួលយកបាត្រនៃព្រះអង្គ បានប្រគេនចង្ហាន់សមគួរដល់ការចំអិន។ ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង។ វិមានរបស់ខ្ញុំល្អ ត្រូវផលនៃអាសនៈនិមិ្មតហើយ ក្នុងឋានតាវត្តឹង្សនោះ មានកំពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍។ បល្ល័ង្កផ្សេងៗ របស់ខ្ញុំ ជាវិការៈនៃមាស ជាវិការៈនៃកែវមណី ជាវិការៈនៃកែវផលិក ជាវិការៈនៃមាសមានពណ៌ក្រហម។
            
            
         
        
            
                ID: 637643930536340474 
                
            
            
                ទៅកាន់ទំព័រ៖