ព្រះត្រៃបិដក ភាគ ៧៦

ប្រទីប​ទាំង ៥ នោះ ក៏​ភ្លឺរុងរឿង​ឡើង ព័ទ្ធ​អាសនៈ កាលនោះ ប្រទីប​ទាំងឡាយ​របស់ខ្ញុំ​ភ្លឺរុងរឿង ដរាបដល់​ព្រះអាទិត្យ​រះ​ឡើង។ លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស​ដោយ​កុសលកម្ម ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់ទុក​នូវ​ចេតនា​នោះ​ផង។ ប្រាសាទ​របស់ខ្ញុំ​ដែល​បុញ្ញកម្ម​ធ្វើល្អ​ហើយ ក្នុង​ឋាន​តាវត្តឹង្ស​នោះ លោក​ហៅថា បញ្ច​ទីប​ប្រាសាទ មាន​កំពស់ ៦០ យោជន៍ មាន​ទំហំ ៣០ យោជន៍។ ប្រទីប​ទាំងឡាយ​របស់ខ្ញុំ មាន​ចំនួន​រាប់មិនអស់ តែង​ភ្លឺរុងរឿង​ជុំវិញ ភព​ទេវតា​ក៏​ភ្លឺ​ដោយ​ពន្លឺ​ប្រទីប​នោះ​ដែរ។ ខ្ញុំ​អង្គុយ​បែរមុខ​ទៅកាន់​ទិសខាងកើត បើ​ខ្ញុំ​ប្រាថ្នា​ដើម្បី​មើល​ខាងលើ ខាងក្រោម និង​ទិស​ទទឹង ខ្ញុំ​ក៏​ឃើញ​នូវ​វត្ថុ​ទាំងអស់​ដោយ​ចក្ខុ។ ខ្ញុំ​ប្រាថ្នា​ដើម្បី​ឃើញ​នូវ​កម្ម​ដែល​ខ្ញុំ​ធ្វើល្អ​ធ្វើ​អាក្រក់ ដរាបណា គ្រឿង​បិទបាំង​ក្នុង​វត្ថុ​ទាំងនោះ ទោះជា​ឈើ ឬភ្នំ ក៏​មិន​មាន​ដរាប​នោះ។
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637643931751965003
ទៅកាន់ទំព័រ៖