ព្រះត្រៃបិដក ភាគ ៧៦

ទិព្វចក្ខុ​របស់ខ្ញុំ ស្អាត​វិសេស ខ្ញុំ​ជា​ស្រី​ឈ្លាស​ក្នុង​សមាធិ ដល់​នូវ​អភិញ្ញា​បារមី នេះ​ជា​ផល​នៃ​ប្រទីប ៥។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ទ្រង់​មាន​ចក្ខុ ខ្ញុំ​មានការ​ប្រព្រឹត្តិ​ធម៌​ចប់ស្រេច​ហើយ មាន​សោឡស​កិច្ច​ធ្វើរួចហើយ មិន​មាន​អាសវៈ ជា​ស្រី​មាន​ប្រទីប ៥ សូម​ថ្វាយបង្គំ​នូវ​ព្រះបាទ​ទាំងគូ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ប្រទីប ៥។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​អស់ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637643932166027831
ទៅកាន់ទំព័រ៖