ព្រះត្រៃបិដក ភាគ ៧៦
កុសលរបស់ខ្ញុំរមែងមាន ខ្ញុំបានចូលទៅកាន់ផ្នួស ថ្ងៃនេះ ខ្ញុំជាស្រីគួរដល់ការបូជា ក្នុងសាសនានៃព្រះសក្យបុត្ត។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រងផ្កាបបុស។ ថ្ងៃនេះ ខ្ញុំមានចិត្តស្អាត ប្រាសចាកចិត្តលាមក មានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះនឡមាលិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នឡមាលិកាថេរិយាបទាន។
ID: 637643932805559157
ទៅកាន់ទំព័រ៖