ព្រះត្រៃបិដក ភាគ ៧៦

យើង​ទាំងឡាយ​នឹង​ចេញ​ចាក​ផ្ទះ ចាក​ភព ជាមួយនឹង​ព្រះនាង​ដែរ យើង​នឹង​ទៅកាន់​ព្រះនិព្វាន​ជា​បុរី​ដ៏​ឧត្តម ជាមួយនឹង​ព្រះនាង​ទៀត។ កាល​ភិក្ខុនី​ទាំងឡាយ ពោល​ដើម្បី​និព្វាន គ្រានោះ ព្រះនាង​ក៏​ពោល​ថា ខ្ញុំ​នឹងថា​អ្វី ហើយក៏​ចេញទៅ​ចាក​លំនៅ​ភិក្ខុនី ជាមួយនឹង​ភិក្ខុនី​ទាំងអស់ រួច​ពោល​ថា ទេវតា​ណា ដែល​អាស្រ័យ​នៅក្នុង​សំណាក់​ភិក្ខុនី ទេវតា​ទាំងនោះ សូមអត់ទោស​ដល់​ខ្ញុំ ការ​ឃើញ​លំនៅ​នាង​ភិក្ខុនី​នេះ ជា​ការ​ឃើញ​ទីបំផុត​របស់ខ្ញុំ។ ជរា​ក្តី មច្ចុ​ក្តី មិន​មាន​ក្នុង​ទីណា ការ​ជួបប្រទះ​ដោយ​សត្វ និង​សង្ខារ​មិនជា​ទីស្រឡាញ់​ក្តី ការ​ព្រាត់ប្រាស​ចាក​សត្វ និង​សង្ខារ​ជាទីស្រឡាញ់​ក្តី មិន​មាន​ក្នុង​ទីណា ទីនោះ ហៅថា អសង្ខ​តៈ។ ពួក​ភិក្ខុនី​ជា​ឱរស​របស់​ព្រះ​សុគត ដែល​មិនទាន់​ប្រាសចាក​រាគៈ បាន​ស្តាប់​នូវ​ពាក្យ​នោះ​ហើយ ត្រូវ​សេចក្តី​សោក​គ្រប​សង្កត់ ក៏​ខ្សឹកខ្សួល​ថា ឱហ្ន៎! យើង​ទាំងឡាយ ជា​បុគ្គល​ឥត​បុណ្យ។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637643933573215498
ទៅកាន់ទំព័រ៖