ព្រះត្រៃបិដក ភាគ ៧៦
ទីលំនៅភិក្ខុនីនេះ បើវៀរចាកពួកភិក្ខុនីទាំងនោះហើយ ក៏នឹងសូន្យឈឹង ពួកនាងភិក្ខុនី ជាឱរសរបស់ព្រះជិនស្រី ក៏លែងប្រាកដ ដូចជាផ្កាយដែលមិនប្រាកដក្នុងពេលភ្លឺច្បាស់។ ព្រះនាងគោតមី នឹងទៅកាន់និព្វានជាមួយភិក្ខុនី ៥០០ រូប ដូចទន្លេគង្គាហូរទៅកាន់សាគរជាមួយស្ទឹង ៥០០ ដូច្នោះ។ ពួកឧបាសិកាដែលមានសទ្ធាចេញអំពីផ្ទះ ដើរទៅតាមច្រក បានឃើញព្រះនាងគោតមីនោះ ក៏ក្រាបទៀបបាទា ហើយពោលនូវពាក្យនេះថា ព្រះនាងម្ចាស់ ចូរជ្រះថ្លាក្នុងភោគៈដ៏ច្រើនចុះ ព្រះនាងមិនគួរលះបង់នូវយើងខ្ញុំទាំងឡាយ ឲ្យនៅឥតទីពឹងហើយនិព្វានទេ ឧបាសិកាទាំងនោះ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ក៏យំរៀបរាប់ (យ៉ាងនេះ)។ ព្រះនាងគោតមីបានពោលវាចាដ៏ពីរោះ ដើម្បីបន្ទោបង់នូវសេចក្តីសោករបស់ស្រីទាំងនោះថា ម្នាលកូនទាំងឡាយ នាងទាំងឡាយ មិនគួរយំស្រែកទេ ថ្ងៃនេះជាកាលគួរនាងទាំងឡាយសើចសប្បាយទេតើ។
ID: 637643933802746710
ទៅកាន់ទំព័រ៖