ព្រះត្រៃបិដក ភាគ ៧៦

ព្រះ​កោណ្ឌញ្ញៈ ព្រះ​អានន្ទ ព្រះ​នន្ទ ព្រះ​រាហុល ព្រះ​ជិនស្រី ព្រមទាំង​ព្រះសង្ឃ ចូរ​ឋិតនៅ​ជា​សុខ​ចុះ ទាំង​ពួក​តិរិ្ថយ​ដែល​មាន​សេចក្តី​ល្ងង់ខ្លៅ​សាបសូន្យ​ហើយ ក៏​ឋិតនៅ​ជា​សុខ​ចុះ។ យស​នៃ​វង្ស​របស់​ស្តេច​ឱក្កា​កៈ ចម្រើនឡើង​ហើយ ញំា​ញី​នូវ​មារ ម្នាលកូន​ស្រី​ទាំងឡាយ ក្រែង (កាល​នេះ) ជា​សម្បត្តិ​កាល ដើម្បីឲ្យ​ខ្ញុំ​និព្វាន​ហើយ​ឬ។ ចាប់តាំង​អំពី​យូរយារ​មក​ហើយ សេចក្តី​ប្រាថ្នា​ណា ដែល​ខ្ញុំ​តម្កល់ទុក (សេចក្តី​ប្រាថ្នា​នោះ) នឹង​សម្រេច​ក្នុងថ្ងៃនេះ កាល​នេះ ជា​កាលគួរ​ទូងភេរី គឺ​សេចក្តី​ត្រេកអរ​ក្នុង​ធម៌ ម្នាលកូន​ស្រី​ទាំងឡាយ នាង​ទាំងឡាយ មានប្រយោជន៍​អ្វី​នឹង​សម្រក់​ទឹកភ្នែក។ បើ​នាង​ទាំងឡាយ​មាន​សេចក្តី​អាណិត​ខ្ញុំ ឬក៏​ជា​អ្នក​កតញ្ញូ​នឹង​ខ្ញុំ នាង​ទាំងអស់គ្នា ចូរ​ធ្វើ​ព្យាយាម​ឲ្យ​មាំ ដើម្បី​ញ៉ាំង​ព្រះ​សទ្ធម្ម​ឲ្យ​តាំងនៅ​មាំ​ចុះ។ ព្រះសម្ពុទ្ធ​ដែល​ខ្ញុំ​អង្វរ​សុំ​ហើយ ព្រះអង្គ​ក៏​ទ្រង់ប្រទាន​នូវ​ផ្នួស​ដល់​ស្រី​ទាំងឡាយ ព្រោះហេតុនោះ ខ្ញុំ​នឹង​ត្រេកអរ​យ៉ាងណា នាង​ទាំងឡាយ ចូរ​ប្រព្រឹត្ត​តាមដំណើរ​នោះ យ៉ាងនោះ​ចុះ។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637643934307746208
ទៅកាន់ទំព័រ៖