ព្រះត្រៃបិដក ភាគ ៧៦

ព្រះនាង​គោតមី បាន​ប្រៀនប្រដៅ​នូវ​ពួក​ឧបាសិកា​ទាំងនោះ​យ៉ាងនេះ​ហើយ ពួក​ភិក្ខុនី​ក៏​ហែហម ហើយ​ចូល​ទៅ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ បាន​ពោល​នូវ​ពាក្យ​នេះ​ថា បពិត្រ​ព្រះ​សុគត ខ្ញុំ​ព្រះអង្គ ជា​ព្រះមាតា​របស់​ព្រះអង្គ បពិត្រ​ព្រះអង្គ​ទ្រង់​មាន​ប្រាជ្ញា តែ​ព្រះអង្គ​ជា​ព្រះបិតា​នៃ​ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះ​លោកនាថ ព្រោះ​ព្រះអង្គ​ទ្រង់ប្រទាន​នូវ​ព្រះ​សទ្ធម្ម និង​សេចក្តី​សុខ បពិត្រ​ព្រះ​គោតម ខ្ញុំ​ព្រះអង្គ​ឈ្មោះថា កើតអំពី​ព្រះអង្គ។ បពិត្រ​ព្រះ​សុគត រូបកាយ​នៃ​ព្រះអង្គ​នេះ ខ្ញុំ​ឲ្យ​ចម្រើន​ហើយ ធម្មកាយ​ជាទី​ត្រេកអរ​របស់ខ្ញុំ ព្រះអង្គ​ឲ្យ​ចម្រើន​ហើយ។ ខ្ញុំម្ចាស់​ឲ្យ​ព្រះអង្គ​បៅ​ទឹក​ក្សីរ ដែល​រម្ងាប់​នូវ​សេចក្តី​ស្រេកឃ្លាន​មួយរំពេច ព្រះអង្គ​ឲ្យ​ខ្ញុំ​បៅ​ទឹក​ក្សីរ​គឺ​ធម៌ មាន​សេចក្តី​ស្ងប់​រម្ងាប់​ជាទីបំផុត បព្រិ​តព្រះ​មហាមុនី ព្រះអង្គ​មិន​មាន​បំណុល​ដល់​ខ្ញុំ ក្នុង​ការ​រក្សា​នូវ​ចំណង​ទេ ស្រី​ទាំងឡាយ​ចង់បាន​កូន កាល​បន់ស្រន់ រមែង​បានកូន​ប្រាកដ​ដូច​ព្រះអង្គ។
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637643934516817016
ទៅកាន់ទំព័រ៖