ព្រះត្រៃបិដក ភាគ ៧៦
បពិត្រព្រះអង្គជាឱរស មាតាណា របស់ស្តេចជាធំជាងនរៈ មានស្តេចមន្ធាតុជាដើម មាតានោះ គឺខ្ញុំព្រះអង្គ ដែលលិចចុះក្នុងសមុទ្ទគឺភព បានព្រះអង្គចម្លងហើយ ចាកសមុទ្ទគឺភព។ ព្រះនាមជាព្រះមាតា ជាព្រះមហេសីរបស់ស្តេច គឺស្រីទាំងឡាយ តែងបានដោយងាយទេ ឯព្រះនាមថាព្រះពុទ្ធមាតានេះ គឺស្រីទាំងឡាយ សឹងបានដោយកម្រក្រៃពេក។ បពិត្រព្រះមហាវីរៈ ឯសេចក្តីប្រាថ្នាជាដំបូងនោះ ខ្ញុំព្រះអង្គបានហើយ ដោយសារព្រះអង្គ សេចក្តីប្រាថ្នាទាំងអស់នោះ ទោះតូចក្តីធំក្តី ព្រះអង្គបានបំពេញឲ្យហើយ។ ខ្ញុំម្ចាស់ សូមលះបង់នូវសាកសពនេះ ប្រាថ្នានឹងបរិនិព្វាន បពិត្រព្រះអង្គមានព្យាយាម ជានាយក ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ សូមព្រះអង្គអនុញ្ញាតដល់ខ្ញុំព្រះអង្គ។ សូមព្រះអង្គសណ្តូកនូវព្រះបាទទាំងគូដ៏ទន់ល្វន់ដូចផ្កាឈូក ដេរដាសដោយស្នាមចក្រ កង្វេរ និងទង់ ខ្ញុំព្រះអង្គមានសេចក្តីស្រឡាញ់ចំពោះព្រះឱរស នឹងថ្វាយបង្គំព្រះបាទទាំងគូនោះ។
ID: 637643934716340001
ទៅកាន់ទំព័រ៖