ព្រះត្រៃបិដក ភាគ ៧៦

សរីរៈ​របស់​ព្រះអង្គ ប្រាកដ​ស្មើដោយ​គំនរ​មាស ដែល​ប្រាកដ​ក្នុង​ដែន​កុរុ សូម​ព្រះអង្គ​ធ្វើឲ្យ​ជា​រាងកាយ គឺ​ខ្ញុំ​ព្រះអង្គ​ឃើញ​បាន​ដោយ​ងាយ បពិត្រ​ព្រះ​នាយក ខ្ញុំ​ព្រះអង្គ​នឹង​ទៅកាន់​ព្រះនិព្វាន ជាទី​ស្ងប់​រម្ងាប់។ ព្រះ​ជិនស្រី ទ្រង់​សម្តែង​នូវ​រាងកាយ ប្រកបដោយ​លក្ខណៈ ៣២ ប្រដាប់ដោយ​ពន្លឺ​ដ៏​ល្អ ដូច​ព្រះអាទិត្យ​ដ៏​ស្រទន់​នាអាកាស ក្នុង​វេលា​ល្ងាច។ លំដាប់នោះ ព្រះនាង​គោតមី​នោះ ក្រាប​ចុះ​ដោ​យសិរ្សៈ​ទៀប​ព្រះ​បាទា ប្រាកដ​ស្មើដោយ​ផ្កាឈូក​រីក មាន​រស្មី​ដូច​ព្រះអាទិត្យ​ទើបនឹង​រះ ប្រដាប់ដោយ​ចក្រ ហើយ​ទូល​ថា ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ជា​ព្រះអាទិត្យ​របស់​នរជន ជា​ទង់​ក្នុង​អាទិច្ច​ត្រកូល ព្រះអង្គ​ជាទី​ពឹង​របស់ខ្ញុំ ក្នុង​កាល​ជាទីបំផុត ខ្ញុំ​មិនបាន​ឃើញ​ព្រះអង្គ​ទៀត​ទេ។ បពិត្រ​ព្រះអង្គ​ជាកំពូល​នៃ​លោក ធម្មតា​ស្រ្តី​ទាំងឡាយ ធ្វើ​នូវ​ទោស​ទាំងពួង ហើយ​ស្លាប់​ទៅ បើ​ទោស​របស់ខ្ញុំ​មាន​បន្តិចបន្តួច បពិត្រ​ព្រះអង្គ​ទ្រង់​ធ្វើ​សេចក្តី​ករុណា សូម​ព្រះអង្គ​អត់ទោស​នោះ​ដល់​ខ្ញុំ។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637643934911652556
ទៅកាន់ទំព័រ៖