ព្រះត្រៃបិដក ភាគ ៧៦
ភិក្ខុនីដទៃ ក្រៅអំពីព្រះនាងមហាបជាបតិគោតមីនោះ ធ្វើប្រទក្សិណព្រះជិនស្រីដ៏ប្រសើរ ដូចជាផ្កាយប្រព្រឹត្តទៅតាមព្រះចន្ទ្រ ដើរប្រទក្សិណភ្នំសិនេរុ ហើយក្រាបចុះទៀបព្រះបាទា រួចឈររមិលមើលនូវព្រះភក្រ្តនៃព្រះសាស្តានោះ។ ព្រះនាងបជាបតិគោតមីក្រាបទូលថា ភ្នែករបស់ខ្ញុំ មិនធ្លាប់ឆ្អែតដោយការឃើញនូវព្រះអង្គ ត្រចៀករបស់ខ្ញុំ មិនធ្លាប់ឆ្អែតដោយភាសិតរបស់ព្រះអង្គ។ ចិត្តរបស់ខ្ញុំតែមួយប៉ុណ្ណោះ ដល់នូវសេចក្តីឆ្អែត ដោយរសនៃធម៌ដ៏ពេញលេញ។
កាលព្រះមានព្រះភាគទ្រង់បន្លឺឡើង ក្នុងកណ្តាលបរិស័ទ ទ្រង់ប្រហារនូវសេចក្តីរឹងត្អឹងរបស់ជនអ្នកមានវាទៈ ពួកជនណាបានឃើញព្រះឱស្ឋ បពិត្រព្រះអង្គជាធំជាងនរៈ ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ ជនទាំងឡាយណា ថ្វាយបង្គំនូវព្រះបាទា មានព្រះអង្គុលីវែង មានព្រះនខាក្រហម មានព្រះបណ្ហិវែងល្អ បពិត្រព្រះអង្គទ្រង់ដល់នូវទីបំផុតនៃសេចក្តីសៅហ្មង ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។
ID: 637643935449477869
ទៅកាន់ទំព័រ៖