ព្រះត្រៃបិដក ភាគ ៧៦
ជនទាំងឡាយណា ស្តាប់នូវពាក្យទាំងឡាយដ៏ពីរោះ ជាទីរីករាយចិត្ត ជាគ្រឿងដុតចោលនូវទោស ជាទីនាំមកនូវប្រយោជន៍ បពិត្រព្រះអង្គប្រសើរជាងនរៈ ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ បពិត្រព្រះមហាវីរៈ ខ្ញុំជាស្រីមានបុណ្យ ជាអ្នកយកចិត្តទុកដាក់ ក្នុងការបូជានូវព្រះបាទារបស់ព្រះអង្គ ជាស្រីឆ្លងចាកផ្លូវលំបាកគឺសង្សារ តាមព្រះពុទ្ធដីការបស់ព្រះអង្គមានសិរី។ លំដាប់នោះ ព្រះនាងគោតមី បានក្រាបទូលព្រះមានព្រះភាគ ជាស្រីមានវត្តល្អចំពោះភិក្ខុសង្ឃ រួចថ្វាយបង្គំព្រះរាហុល ព្រះអានន្ទ និងព្រះនន្ទ ហើយពោលនូវពាក្យនេះថា ខ្ញុំមានសេចក្តីនឿយណាយក្នុងសាកសព ជាលំនៅរបស់រោគ ស្មើដោយលំនៅនៃសត្វមានពិស ជាគ្រឿងកំណត់នៃទុក្ខ ជាទីគោចរនៃជរា និងមរណៈ។ ជារូបដេរដាសដោយមន្ទិល គឺសាកសពផ្សេងៗ ជាអាយត្ត
(១) នៃបុគ្គលដទៃ ជារូបប្រាសចាកអំណាច ព្រោះហេតុនោះ ខ្ញុំប្រាថ្នាដើម្បីព្រះនិព្វាន បពិត្រកូនទាំងឡាយ លោកទាំងឡាយ ចូរសំគាល់ចុះ។
(១) ដែលពឹងផ្អែកអ្នកដទៃ ដែលឥតអំណាចលើខ្លួនឯង។
ID: 637643936169621269
ទៅកាន់ទំព័រ៖