ព្រះត្រៃបិដក ភាគ ៧៦

 ព្រះ​នន្ទ និង​ព្រះ​រាហុល​ដ៏​ចម្រើន ជា​អ្នក​មិន​មាន​សេចក្តី​សោក មិន​មាន​អាសវៈ មានចិត្ត​នឹងធឹង មិន​មាន​កម្រើក មាន​ប្រាជ្ញា មាន​ព្យាយាម គិត​រំពឹង​នូវ​ធម៌​ថា ថ្វើ​យ! សង្ខតធម៌ ជា​របស់​វិនាស ជា​របស់​មិន​មាន​ខ្លឹម មាន​ឧបមា​ដូចដើម​ចេក ប្រាកដ​ស្មើដោយ​កល់​មាយា និង​ថ្ងៃ​បណ្តើរ​កូន​ជា​របស់​តិចតួច មិនបាន​តាំងនៅ​យឺនយូរ​ឡើយ។ ព្រះនាង​គោតមី​នេះ ជា​ព្រះ​មាតុច្ឆា​នៃ​ព្រះ​ជិនស្រី បាន​ចិញ្ចឹម​ព្រះសម្ពុទ្ធ ដើរទៅ​កាន់​សេចក្តី​ស្លាប់​ក្នុង​ទីណា (ទីនោះ) មិន​ទៀង ត្រូវ​មាន​បច្ច័យ​តាក់តែង​ទាំងអស់។ ចំណែក​ឯព្រះ​អានន្ទ នៅជា​សេក្ខបុគ្គល ជា​ប្អូន​ជាទី​ស្រលាញ់​នៃ​ព្រះ​ជិនស្រី ព្រះ​អានន្ទ​នោះ បង្ហូរទឹក​ភ្នែក​ក្នុង​ទីនោះ ធ្វើ​នូវ​សេចក្តី​ករុណា ទួញ​យំខ្សឹកខ្សួល​ថា ព្រះនាង​គោតមី ពោល​លា​ទៅកាន់​ព្រះនិព្វាន​ហើយ មិនយូរ​ប៉ុន្មាន​ទេ ព្រះសម្ពុទ្ធ​ក៏​គង់​ទៅកាន់​ព្រះនិព្វាន​ពុំខាន​ដែរ ដូច​ភ្លើង​មិន​មាន​កំញម។
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637643936413214970
ទៅកាន់ទំព័រ៖