ព្រះត្រៃបិដក ភាគ ៧៦

ព្រះ​នាយក ជាកំពូល​នៃ​លោក ទ្រង់​សម្តែង​ធម៌​ផ្សាយ​ទៅ​ក្នុង​កាលណា កាលនោះ ខ្ញុំ​ជា​ស្រ្តី​អនុគ្រោះ ខ្ញុំ​បាន​ពោល​នូវា​ចា​ឲ្យពរ​ថា បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ សូម​ព្រះអង្គ​គង់​ព្រះជន្ម​នៅ​អស់​កាលយូរ បពិត្រ​ព្រះ​មហាមុនី សូម​ព្រះអង្គ​គង់នៅ​អស់​មួយ​កប្ប​ចុះ សូម​ព្រះអង្គ​កុំ​មាន​ជរា និង​មរណៈ ដើម្បី​ជា​ប្រយោជន៍​ដល់​សត្វលោក​ទាំងអស់។ ព្រះពុទ្ធ​នោះ ទ្រង់​ត្រាស់​នឹង​ខ្ញុំ ដែល​ជា​អ្នក​ក្រាបទូល​ដូច្នោះ នូវ​ពាក្យ​នេះ​ថា បពិត្រ​ព្រះនាង​គោតមី ព្រះនាង​ថ្វាយបង្គំ​យ៉ាងណា ព្រះពុទ្ធ​ទាំងឡាយ គេ​មិនដែល​ថ្វាយបង្គំ យ៉ាងនោះ​ទេ។
 ព្រះ​តថាគត​ទាំងឡាយ ជា​សព្វញ្ញូ បុគ្គល​គប្បី​ថ្វាយបង្គំ​ដោយ​ប្រការ​ដូចម្តេច ព្រះពុទ្ធ​ទាំងឡាយ បុគ្គល​មិន​គប្បី​ថ្វាយបង្គំ តើ​ដោយ​ប្រការ​ដូចម្តេច ព្រះអង្គ​ដែល​ខ្ញុំ​សួរ​ហើយ សូម​ប្រាប់​នូវ​ហេតុ​នោះ​ឲ្យ​ទាន។
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637643936892277571
ទៅកាន់ទំព័រ៖