ព្រះត្រៃបិដក ភាគ ៧៦

ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 ពួក​ជនពាល​ណា ដល់​នូវ​សេចក្តី​សង្ស័យ​ក្នុង​ការ​ត្រាស់​ដឹង​នូវ​ធម៌ នៃ​ស្រ្តី​ទាំងឡាយ បពិត្រ​ព្រះនាង​គោតមី ព្រះនាង​ចូរ​សម្តែង​នូវ​ឫទ្ធិ ដើម្បី​កំចាត់​បង់​នូវ​ទិដ្ឋិ​នៃ​ពួក​ជនពាល​នោះ។
 គ្រានោះ ព្រះនាង​គោតមី ក្រាប​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ហើយ​ហោះ​ឡើង​ទៅ​ឯអាកាស សម្តែង​នូវ​ឫទ្ធិ​ដ៏​ច្រើន​ជាអនេក តាម​ពុទ្ធានុញ្ញាត គឺ​ស្រ្តី​តែម្នាក់ ធ្វើឲ្យ​ទៅជា​ច្រើន​អ្នក​ក៏បាន ស្រ្តី​ច្រើន​នាក់ ធ្វើឲ្យ​ទៅជា​ម្នាក់​ក៏បាន ទៅកាន់​ទីវាល ជាទី​ខាងក្រៅ ខាងក្រៅ​ជញ្ជាំង ខាងក្រៅ​ភ្នំ​ក៏បាន ដើរទៅ​មិន​ទើសទាក់ មុជ​ចុះ​ក្នុង​ផែនដី​ក៏បាន ដើរ​លើទឹក​មិន​បែកធ្លាយ​ទឹក ហាក់ដូចជា​ដើរ​លើ​ផែនដី​ក៏បាន។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637643937396027447
ទៅកាន់ទំព័រ៖