ព្រះត្រៃបិដក ភាគ ៧៦
ទៅទាំងភ្នែនលើអាកាស ដូចជាសត្វស្លាបក៏បាន ញ៉ាំងអំណាចកាយឲ្យអណ្តែតទៅ ដរាបដល់លំនៅនៃព្រហ្មក៏បាន។ យកភ្នំសិនេរុធ្វើជាដងឆ័ត្រ យកផែនដីធំធ្វើជាឆ័ត្រ បង្វិលដងឆ័ត្រ បាំងដើរលើផ្ទៃអាកាស។ ធ្វើនូវលោកឲ្យរុងរឿង ដូចជាព្រះអាទិត្យ ៦ រះឡើងផង ធ្វើនូវលោកនោះ ឲ្យជាកម្រងសំណាញ់ ដូចជានៅលើភ្នំយុគន្ធរផង។ កាន់យកនូវវត្ថុទាំងពួងគឺ ដើមមុច្ចលិន្ទ ថ្មធំ ភ្នំសិនេរុ ដើមមន្ទារ និងដើមទទ្ទរៈទាំងឡាយ ដោយក្តាប់ដៃមួយ ដូចជាកាន់គ្រាប់ស្ពៃ។ បិទបាំងព្រះអាទិត្យ ព្រះចន្រ្ទ ដោយចុងម្រាម ទ្រនូវព្រះចន្ទ្រ ព្រះអាទិត្យមួយពាន់ ដូចជាទ្រនូវគ្រឿងប្រដាប់ក្បាល ទ្រនូវទឹកក្នុងសមុទ្រទាំង ៤ ដោយដៃម្ខាង ញ៉ាំងភ្លៀងធំមានអាការដូចជាទឹក ហូរអំពីភ្នំយុគន្ធរឲ្យបង្អុរចុះ។ ព្រះនាងគោតមីនោះ បាននិម្មិតជាស្តេចចក្រពត្តិ ព្រមទាំងបរិស័ទ សម្តែងនូវអត្តភាពជាគ្រុឌផង ដំរីផង សីហៈផង បន្លឺនូវសម្រែកលើផ្ទៃនៃអាកាស។
ID: 637643937594308722
ទៅកាន់ទំព័រ៖