ព្រះត្រៃបិដក ភាគ ៧៦

ព្រះនាង​តែម្នាក់ឯង និម្មិត​នូវ​ពួក​ភិក្ខុនី​ដ៏​ច្រើន​ប្រមាណ​មិនបាន ហើយ​ឲ្យ​បាត់​ទៅវិញ នៅតែ​ម្នាក់ឯង ទើប​ពោល​នឹង​ព្រះ​មុនី​ថា បពិត្រ​ព្រះ​មហា​វីរៈ ខ្ញុំ​ជា​មាតុច្ឆា​របស់​ព្រះអង្គ ជា​ស្រ្តី​អ្នកធ្វើ​តាម​នូវ​សាសនា​របស់​ព្រះអង្គ បានសម្រេច​ប្រយោជន៍​របស់​ខ្លួន​ហើយ បពិត្រ​ព្រះអង្គ​មាន​ចក្ខុ ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​ទាំងគូ។ ព្រះនាង​គោតមី​នោះ លុះ​សម្តែង​ឫទ្ធិ​ផ្សេងៗហើយ ក៏​ចុះ​ចាក​ផ្ទៃ​នៃ​អាកាស មក​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ជា​ពន្លឺ​នៃ​លោក ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ រួច​ក្រាបទូល​ថា បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​កើតមក​បាន​អាយុ ១២០ ហើយ បពិត្រ​ព្រះ​មហា​វីរៈ ខ្ញុំ​ល្មម​ប៉ុណ្ណេះ​ហើយ បពិត្រ​ព្រះ​នាយក ខ្ញុំ​នឹង​បរិនិព្វាន។ គ្រានោះ បរិស័ទ​ទាំងពួង​នោះ មាន​សេចក្តី​អស្ចារ្យ​ក្រៃពេក ផ្គង​អញ្ជលី ហើយ​ពោល​ថា បពិត្រ​ព្រះនាង​មាន​ឫទ្ធិ​ថ្លឹង​ពុំ​បាន មាន​ព្យាយាម កិច្ច​ទាំងពួង ព្រះនាង​បាន​ធ្វើ​ហើយ។
 ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ មាន​បញ្ញាចក្ខុ​ក្នុង​ធម៌​ទាំងពួង ជានា​យក ទ្រង់​ត្រាស់​ឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637643937825246234
ទៅកាន់ទំព័រ៖