ព្រះត្រៃបិដក ភាគ ៧៦
ក្នុងកាលនោះ ខ្ញុំកើតក្នុងត្រកូលនៃអាមាត្យ ក្នុងនគរហង្សវតី ជាត្រកូលបរិបូណ៌ដោយឧបការៈទាំងពួង ដ៏ស្តុកស្តម្ភមាំមួន មានទ្រព្យច្រើន។ ក្នុងកាលមួយ ខ្ញុំទៅជាមួយនឹងបិតា មានពពួកខ្ញុំស្រីចោមរោម មានបរិវារច្រើន ចូលទៅគាល់ព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គប្រសើរជាងនរៈ។ ខ្ញុំបានឃើញព្រះជិនស្រី មិនមានអាសវៈ ប្រាកដស្មើដោយព្រះអាទិត្យ ក្នុងសរទកាល ដ៏ដេរដាសដោយកម្រងគឺរស្មី ទ្រង់បង្អុរចុះនូវភ្លៀងគឺធម៌ ដូចជាព្រះឥន្រ្ទ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា បានស្តាប់សុភាសិតនៃព្រះពុទ្ធនោះ ព្រះអង្គជានាយកនៃនរៈ ទ្រង់តាំង នូវនាងភិក្ខុនី ជាព្រះមាតុច្ឆាក្នុងទីដ៏ប្រសើរលើស។ លុះខ្ញុំស្តាប់ហើយ ក៏បានថ្វាយនូវមហាទានផង នូវបច្ច័យដ៏ច្រើនផង ដល់ព្រះសម្ពុទ្ធ ដ៏ប្រសើរជាងនរជនអង្គនោះ ទ្រង់ជាតាទិបុគ្គល ព្រមទាំងព្រះសង្ឃ អស់ ៧ ថ្ងៃ រួចខ្ញុំក្រាបចុះទៀបព្រះបាទា ហើយប្រាថ្នានូវតំណែងនោះ។
ID: 637643938105559522
ទៅកាន់ទំព័រ៖