ព្រះត្រៃបិដក ភាគ ៧៦
លំដាប់នោះ ព្រះពុទ្ធជាឥសីទី ៧ បានពោលក្នុងបរិស័ទច្រើនថា ស្រ្តីណាបានញុំាងព្រះលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់ អស់ ៧ ថ្ងៃ តថាគតនឹងសរសើរនូវស្រ្តីនោះ អ្នកទាំងឡាយចូរស្តាប់នូវពាក្យដែលតថាគតនឹងសម្តែងដូចតទៅនេះ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក។ ស្រ្តីនោះ នឹងបានជាឱរស ជាអ្នកទទួលមត៌កក្នុងធម៌នៃព្រះពុទ្ធនោះ ជាធម្មនិមិ្មតិ ឈ្មោះនាង គោតមី នឹងបានជាសាវិកានៃព្រះសាស្តាអង្គនោះ។ នាងគោតមីនេះ ជាព្រះមាតុច្ឆា ជាអ្នករក្សានូវជីវិតនៃព្រះពុទ្ធនោះ នឹងបាននូវទីដ៏ប្រសើរ លើសជាងភិក្ខុនីទាំងឡាយ ជាអ្នកដឹងនូវរាត្រីដ៏វែង (មានអាយុវែង)។ គ្រានោះ ខ្ញុំស្តាប់នូវព្រះពុទ្ធដីកានោះ ក៏មានចិត្តរីករាយ បានបម្រើនូវព្រះជិនស្រី ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត តមក ខ្ញុំក៏ធ្វើមរណកាល។
ID: 637643938318527460
ទៅកាន់ទំព័រ៖