ព្រះត្រៃបិដក ភាគ ៧៦

ជន​ទាំងនោះ ជា​អ្នកធ្វើ​បុណ្យ អ្នកធ្វើ​លទ្ធិ​ដ៏​ធំ ដែល​ព្រះ​សុគត​អនុគ្រោះ​ហើយ ក៏បាន​នូវ​ព្រះ​អរហត្ត។
 ភិក្ខុនី​ទាំងឡាយ​ដទៃ ក្រៅអំពី​ព្រះ​នាង​មហា​បជា​បតិ​គោតមី​នោះ ហោះ​ទៅកាន់​ផ្ទៃ​អាកាស មាន​ឫទ្ធិ​ច្រើន រុងរឿង​ដូចជា​ផ្កាយ​ប្រជុំ​គា្ន សម្តែង​ឫទ្ធិ​ជាអនេក ជា​ស្រ្តី​សិក្សា​ក្នុង​បុញ្ញកម្ម​ទាំងឡាយ ដូចជា​ជាងមាស​ធ្វើ​នូវ​គ្រឿងប្រដាប់​ដ៏​ប្លែកៗ។ គ្រានោះ ភិក្ខុនី​ទាំងឡាយ សម្តែង​នូវ​បា​ដិ​ហារ្យផ្សេងៗ ជាច្រើន ញុំាង​ព្រះ​មុនី​ដ៏​ប្រសើរ​ដូចជា​ព្រះអាទិត្យ ព្រមទាំង​បរិស័ទ​ឲ្យ​ត្រេកអរ។ ចុះ​អំពី​ផ្ទៃ​អាកាស មក​ថ្វាយបង្គំ​ព្រះពុទ្ធ ជា​ឥសី​ទី ៧ លុះ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ជាង​នរៈ ទ្រង់​អនុញ្ញាត​ហើយ ក៏​គង់​ក្នុង​ទី​ដដែល​វិញ រួច​ទូល​ថា បពិត្រ​ព្រះ​មហា​វីរៈ ព្រះនាង​គោតមី បាន​អនុគ្រោះ​ខ្ញុំ​ព្រះអង្គ​ទាំងអស់គ្នា ពួក​ខ្ញុំ​ព្រះអង្គ​បាន​ព្រះនាង​គោតមី​នោះ អប់រំ​ដោយ​បុណ្យ​ទាំងឡាយ ក៏បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ។
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637643938990559147
ទៅកាន់ទំព័រ៖