ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះ​នាយក ពួក​ខ្ញុំ​ព្រះអង្គ​មាន​មេត្តាចិត្ត បាន​បម្រើ​ព្រះអង្គ​ហើយ បពិត្រ​ព្រះ​មហាមុនី សូម​ព្រះអង្គ​អនុញ្ញាត​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងអស់​ដើម្បី​បរិនិព្វាន។ ព្រះ​ជិនស្រី​ទ្រង់​ត្រាស់​ថា តថាគត​នឹង​ពោល​ដូចម្តេច ចំពោះ​នាង​ទាំងឡាយ ដែល​ចេះតែ​ទទូច​និយាយ​យ៉ាងនេះ​ថា យើង​ទាំងឡាយ សុំ​បរិនិព្វាន​ឥឡូវនេះ (កាលបើ​យ៉ាងនេះ) នាង​ទាំងឡាយ ចូរ​សំគាល់​នូវ​កាលគួរ​ដើម្បី​និព្វាន​ចុះ។ កាលនោះ ភិក្ខុនី​ទាំងឡាយ​នោះ មាន​ព្រះនាង​គោតមី​ជាដើម ថ្វាយបង្គំ​ព្រះ​ជិនស្រី ក្រោក​ចាក​អាសនៈ ហើយ​ដើរទៅ។ ព្រះ​លោកនាយក ជាកំពូល​នៃ​លោក ជា​អ្នក​ប្រាថ្នា មួយអន្លើដោយ​ពួក​ជន​ដ៏​ច្រើន បាន​ស្តេច​ទៅតាម​ព្រះ​មាតុច្ឆា ដរាបដល់​បន្ទប់។ គ្រានោះ​ឯង ព្រះនាង​គោតមី ក្រាប​ចុះ​ទៀប​ព្រះ​បាទា​ទាំងគូ​នៃ​ព្រះ​លោក​ពន្ធុ ជាមួយនឹង​ពួក​ភិក្ខុនី​ទាំងអស់​នុ៎ះ នេះ​ឈ្មោះថា​ការថ្វាយបង្គំ​នូវ​ព្រះបាទ​ជាទីបំផុត។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637643939402746297
ទៅកាន់ទំព័រ៖