ព្រះត្រៃបិដក ភាគ ៧៦
ការឃើញព្រះលោកនាថនៃខ្ញុំនេះ ជាការឃើញទីបំផុត ខ្ញុំនឹងមិនបានឃើញនូវព្រះភក្រ្តរបស់ព្រះអង្គ ដែលមានអាការមិនស្លាប់ ទៀតឡើយ។ បពិត្រព្រះអង្គមានព្យាយាម ការថ្វាយបង្គំរបស់ខ្ញុំ ចំពោះព្រះបាទារបស់ព្រះអង្គដ៏ទន់ល្វន់ នឹងមិនមានទៀតឡើយ បពិត្រព្រះអង្គជាកំពូលនៃលោក ខ្ញុំនឹងទៅកាន់ព្រះនិព្វានក្នុងថ្ងៃនេះ។ (ព្រះសម្ពុទ្ធទ្រង់ត្រាស់តបថា) ព្រះនាងនឹងមានប្រយោជន៍អ្វី ដោយរូបក្នុងបច្ចុប្បន្ននេះ ព្រោះរូបទាំងអស់នុ៎ះ សុទ្ធតែមានបច្ច័យតាកតែង ជារបស់មិនមាំមួន ជារបស់ស្តួចស្តើង។ ព្រះនាងគោតមីនោះ ទៅកាន់សំណាក់ភិក្ខុនី មួយអន្លើដោយភិក្ខុនីទាំនោះ អង្គុយបត់ជើងលើអាសនៈប្រសើរ។ គ្រានោះ ឧបាសិកាទាំងឡាយក្នុងទីនោះ ជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា បានឮដំណឹងព្រះនាងគោតមី ក៏ទៅថ្វាយបង្គំព្រះបាទា។
ID: 637643939645558721
ទៅកាន់ទំព័រ៖