ព្រះត្រៃបិដក ភាគ ៧៦

ព្រះនាង​គោតមី ចូលកាន់​ឈាន​ទាំងឡាយ ជា​បដិលោម​តាំងពី​ចតុត្ថជ្ឈាន មកដល់​បឋមជ្ឈាន។ ព្រះនាង​គោតមី​មិន​មាន​អាសវៈ ចេញពី​ចតុត្ថជ្ឈាន​នោះ​ហើយ ក៏​និព្វាន ដូចជា​ប្រទីប​អស់​ប្រឆេះ ការ​កម្រើក​ផែនដី​ដ៏​ធំ ក៏​កើតមានឡើង ផ្លេកបន្ទោរ ក៏​ឆ្វៀលឆ្វាត់​ធ្លាក់ចុះ​ពី​អាកាស។ ទាំង​ផ្គរ​ក៏​លាន់ឮ​គគ្រឹកគគ្រេង ទេវតា​ទាំងឡាយ​ក៏​យំខ្សឹកខ្សួល ភ្លៀង​ផ្កា​ក៏​ធ្លាក់ចុះ​អំពី​អាកាស មកកាន់​ផែនដី។ ស្តេចភ្នំ ឈ្មោះ​សិនេរុ ក៏​កក្រើក​ញាប់ញ័រ ដូច​អ្នករបាំ​ក្នុង​កណ្តាល​រឿណរង្គ ទាំង​សាគរ​ក៏​ស្រែក ហាក់ដូចជា​មាន​សេចក្តី​សោក​គ្រប​សង្កត់។ ទេវតា នាគ អសុរ ព្រហ្ម មាន​សេចក្តី​សង្វេគ បាន​ពោល​ក្នុងខណៈនោះ​ថា ឱហ៎្ន សង្ខារ​ទាំងឡាយ​មិន​ទៀង​ទេ ដូចយ៉ាង​ព្រះនាង​គោតមី​នេះ គង់​ដល់​នូវ​ការ​រលាយ​បាត់​ទៅ។ ស្រី​ទាំងឡាយ​ណា ជា​អ្នកធ្វើ​តាម​សាសនា​នៃ​ព្រះ​សាស្តា ចោមរោម​ព្រះនាង​គោតមី​នេះ ស្រី​ទាំងនោះ មិន​មាន​ឧបាទាន និព្វាន​ហើយ ដូចជា​អណ្តាត​ប្រទីប​ដែល​រលត់។
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637643940039933738
ទៅកាន់ទំព័រ៖