ព្រះត្រៃបិដក ភាគ ៧៦
ហឺ! ការប្រកប មានសេចក្តីព្រាត់ប្រាស់ជាទីបំផុត ហឺ! រូបទាំងពួងដែលបច្ច័យតាក់តែងហើយ សុទ្ធតែមិនទៀង ហឺ! ជីវិត មានសេចក្តីវិនាសជាទីបំផុត មានសេចក្តីខ្សឹកខ្សួលដូច្នេះឯង។ លំដាប់នោះ ទេវតា ព្រហ្ម ចូលទៅគាល់ព្រះពុទ្ធជាឥសីទី ៧ ធ្វើនូវការប្រព្រឹត្តិ ទៅតាមធម្មតាលោក ដ៏សមគួរតាមកាល។ គ្រានោះ ព្រះសាស្តា ទ្រង់ត្រាស់ហៅព្រះអានន្ទ ដែលមានវេទដ៏ជ្រៅដូចសាគរថា ម្នាលអានន្ទ អ្នកចូរទៅប្រាប់នូវបរិនិព្វានរបស់ព្រះមាតា ដល់ភិក្ខុទាំងឡាយចុះ។ គ្រានោះ ព្រះអានន្ទមានសេចក្តីទុក្ខ មានភ្នែកពេញដោយទឹកភ្នែក មានសំឡេងរអាក់រអួល ពោលថា ភិក្ខុទាំងឡាយណា នៅក្នុងទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ភិក្ខុទាំងឡាយនោះ ចូរប្រជុំគ្នា ម្នាលភិក្ខុទាំងឡាយ នាងភិក្ខុនីនោះ ជាព្រះមាតារបស់ខ្ញុំ ជាឱរសរបស់ព្រះសុគត។ ព្រះនាងគោតមីណា ថ្វាយបង្គំព្រះសរីរៈរបស់ព្រះមុនី ជាទីបំផុតដោយការផ្ចិតផ្ចង់ ព្រះនាងគោតមីនោះ ទៅហើយ កាន់ទីស្ងប់រម្ងាប់គឺព្រះនិព្វាន ដូចជាផ្កាយបាត់ទៅ ក្នុងកាលជាទីរះឡើងនៃព្រះអាទិត្យ។
ID: 637643940237433691
ទៅកាន់ទំព័រ៖