ព្រះត្រៃបិដក ភាគ ៧៦
ព្រះលោកនាយកសូម្បីមានព្រះនេត្រ ៥ មិនឃើញ (នូវគតិរបស់ព្រះនាងបជាបតិគោតមី) ទីស្ងប់រម្ងាប់ណា ព្រះនាងបជាបតិគោតមីភិក្ខុនី តម្កល់ទុកនូវឈ្មោះថាពុទ្ធមាតា ទៅហើយ កាន់ទីស្ងប់រម្ងាប់នោះ។ បុគ្គលណា មានជំនឿចំពោះព្រះសុគត ម្យ៉ាងទៀត សិស្សណា របស់ព្រះមហាមុនី សិស្សនោះ ជាឱរសរបស់ព្រះសុគត ចូរធ្វើសក្ការៈដល់ព្រះពុទ្ធមាតាចុះ។ ភិក្ខុទាំងឡាយ សូម្បីនៅក្នុងទីឆ្ងាយក្រៃពេក លុះឮដំណឹងនោះ ក៏មកដោយរហ័ស ភិក្ខុពួកខ្លះ មកដោយពុទ្ធានុភាព ភិក្ខុពួកខ្លះ ជាអ្នកឈ្លាសក្នុងឫទ្ធិទាំងឡាយ ក៏មកដោយឫទ្ធិ។ ព្រះនាងគោតមី ផ្ទំលើគ្រែណា ជនទាំងឡាយ លើកនូវគ្រែនោះ ដាក់ក្នុងផ្ទះកំពូលដ៏ប្រសើរ ជាទីរីករាយដ៏ស្អាត ជាវិការៈនៃមាសទាំងអស់។ លោកបាលទាំង ៤ ក៏សែងដោយស្មាទាំងឡាយ ទេវតាដ៏សេស មានព្រះឥន្រ្ទជាដើម ក៏បានចាប់កាន់ផ្ទះកំពូល។ ផ្ទះកំពូលទាំងអស់ មានចំនួន ៥០០ ខ្នង ដែលព្រះវិស្សុកម្មទេវបុត្រនិមិ្មតហើយ មានពណ៌ដូចជាព្រះអាទិត្យ ក្នុងសរទកាល។
ID: 637643940442590038
ទៅកាន់ទំព័រ៖