ព្រះត្រៃបិដក ភាគ ៧៦

ព្រះនាង​គោតមី​នោះ ឆ្លង​ចាក​សាគរ គឺ​សង្សារ​ហើយ វៀរចាក​សេចក្តី​ក្តៅក្រហាយ មាន​សេចក្តី​ត្រជាក់ មានទុក្ខ​រលត់​ហើយ មិនមែន​ព្រោះតែ​សេចក្តី​សោក​របស់​ពួក​ជន​ដទៃ​ឡើយ។ ព្រះនាង​គោតមី​ភិក្ខុនី​នោះ ជា​បណ្ឌិត មាន​បញ្ញា​ច្រើន មាន​ប្រាជ្ញា​ក្រាស់ មួយទៀត ព្រះនាង​ជា​អ្នកដឹង​នូវ​រាត្រី​វែង គឺ​អាយុវែង​ជាង​ភិក្ខុនី​ទាំងឡាយ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរ​ដឹង​យ៉ាងនេះ​ចុះ។ ព្រះនាង​គោតមី ស្ទាត់​ក្នុង​ឫទ្ធិ​ផង ស្ទាត់​ក្នុង​ទិព្វសោត​ធាតុ និង​ចេ​តោ​បរិ​យញ្ញា​ណផង ដឹង​បុព្វេ​និ​វា​សៈ ជម្រះ​ទិព្វចក្ខុ មាន​អាសវៈ​ទាំងពួង​អស់ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។ ញាណ​ក្នុង​អត្ថ​ផង ក្នុង​ធម៌​ផង ក្នុង​និរុត្តិ​ផង ក្នុង​បដិភាណ​ផង ដ៏​បរិសុទ្ធ ព្រោះហេតុនោះ អ្នក​មិន​គួរ​សោក​ស្តាយ​ព្រះនាង​គោតមី​នោះ​ឡើយ។ គតិ​របស់​បុគ្គល​ដែល​មានចិត្ត​ស្ងប់​រម្ងាប់ តាមលំដាប់ រមែង​មិន​ប្រាកដ ដូច​ដុំដែក​ដែល​បុគ្គល​ដំ​ហើយ ក៏​ភ្លឺរុងរឿង​ដោយសារ​ភ្លើង​យ៉ាងណា។
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637643941328214910
ទៅកាន់ទំព័រ៖