ព្រះត្រៃបិដក ភាគ ៧៦
គតិរបស់បុគ្គល មានចិត្តផុតចាកកិលេសហើយ ដោយប្រពៃ ឆ្លងចាកបំណងគឺកាម និងឱឃៈ ដល់នូវអចលបទ គឺព្រះនិព្វានហើយ ក៏មិនប្រាកដយ៉ាងនោះដែរ។ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹងចុះ មានសតិប្បដ្ឋានជាអារម្មណ៍ចុះ ចូរចម្រើននូវសត្តពោជ្ឈង្គចុះ ចូរធ្វើនូវទីបំផុតនៃកងទុក្ខចុះ។
បានឮថា ព្រះមហាបជាបតិគោតមីភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មហាបជាបតិគោតមីថេរិយាបទាន។
ខេមាថេរិយាបទាន ទី៨
[១៨] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ចំពោះធម៌ទាំងពួង ជាលោកនាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ក្នុងនគរហង្សវតី ដែលរុងរឿងដោយរតនៈផ្សេងៗ ខ្ញុំឆ្អែតស្កប់ស្កល់ហើយ ដោយសេចក្ដីសុខច្រើន។
ID: 637643941652902882
ទៅកាន់ទំព័រ៖