ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ​មហា​វីរបុរស ហើយ​បាន​ស្ដាប់​ធម្មទេសនា លំដាប់នោះ ខ្ញុំ​មាន​សេចក្ដី​ជ្រះថ្លា​កើតឡើង ហើយ​ដល់​នូវ​ព្រះ​ជិនស្រី​ជាទី​ពឹង។ ខ្ញុំ​សូម​អង្វរ​មាតាបិតា ហើយ​និមន្ត​ព្រះពុទ្ធ​ជានា​យក ព្រមទាំង​ព្រះ​សាវ័ក​មក​ឆាន់​អស់ ៧ ថ្ងៃ។ លុះ​កន្លង ៧ ថ្ងៃ​ផុត​ទៅ ព្រះពុទ្ធ​ជា​នរ​សារថី ទ្រង់​តាំង​ភិក្ខុនី ដែល​ឧត្តម​ជាង​ពួក​ភិក្ខុនី​មាន​បញ្ញា​ច្រើន ក្នុង​ទី​ជា​ឯតទគ្គៈ។ ខ្ញុំ​ឮព្រះពុទ្ធ​វាចា​នោះ​ហើយ ក៏​រីករាយ បាន​ធ្វើសក្ការៈ​ចំពោះ​ព្រះពុទ្ធ​ជាម​ហេ​សី​នោះ​ទៀត ក្រាប​ចុះ ហើយ​ប្រាថ្នា​នូវ​តំណែង​នោះ។
 លំដាប់នោះ ព្រះ​ជិនស្រី​ទ្រង់​ត្រាស់​ចំពោះ​ខ្ញុំ​ថា សេចក្ដីប្រាថ្នា​របស់​នាងស​ម្រេច​ហើយ សក្ការៈ​ដែល​នាង​ធ្វើ​ហើយ​ចំពោះ​តថាគត ព្រមទាំង​ព្រះសង្ឃ ជា​សក្ការៈ​មានផល​រាប់​មិនបាន។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​សាស្ដា​ព្រះនាម​គោតម ទ្រង់​សម្ភព​ក្នុង​ត្រកូល​ក្សត្រ​ឱក្កា​កៈ នឹង​ឧប្បត្តិ​ឡើង​ក្នុង​លោក។ នាង​នឹង​បាន​ជា​ភិក្ខុនី ឈ្មោះ​ខេមា ជា​ធម្ម​ទាយាទ ជា​ឱរស ជា​ធម្ម​និម្មិត​នៃ​ព្រះ​សាស្ដា​នោះ ដល់​នូវ​ទី​ជា​ឯតទគ្គៈ។
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637643941892746287
ទៅកាន់ទំព័រ៖