ព្រះត្រៃបិដក ភាគ ៧៦

 ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស ហើយ​ចូល​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស ដោយ​បុញ្ញកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ ផង ដោយ​ការ​តម្កល់​នូវ​ចេតនា​ផង។ លុះ​ខ្ញុំ​ច្យុត​ចាក ឋាន​តាវត្តឹង្ស​នោះ​ហើយ ទើប​ទៅ​កើត​ក្នុង​ឋាន​យាមៈ លុះ​ច្យុត​ចាក​ឋាន​យាមៈ​នោះ​ហើយ ក៏​ទៅ​កើត​ក្នុង​តុសិត លុះ​ច្យុត​ចាក​ឋាន​តុសិត​នោះ​ហើយ ក៏​ទៅ​កើត​ក្នុង​ឋាន​និម្មានរតី ទៅ​កើត​ក្នុង​ឋាន​បរនិម្មិតវសវត្តី​បុរី។ ខ្ញុំ​កើត​ក្នុង​ត្រ​កូល​ណាៗ ខ្ញុំ​បាន​ធ្វើ​ភាពជា​មហេសី​នៃ​ពួក​ស្ដេច​ក្នុង​ត្រ​កូ​លនោះៗ ព្រោះ​អានិសង្ស​នៃ​បុញ្ញកម្ម​នោះ។ លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ បាន​ធ្វើជា​មហេសី​នៃ​ពួក​ស្ដេច​ចក្រពត្តិ​ផង នៃ​ពួក​ស្ដេច​មាន​មណ្ឌល​ផង ក្នុង​អត្តភាព​ជា​របស់​មនុស្ស។ ខ្ញុំ​បាន​ទទួល​សម្បត្តិ​ក្នុង​ទេវលោក​ទាំងឡាយ​ផង ក្នុង​មនុស្សលោក​ទាំងឡាយ​ផង ដល់​នូវ​សេចក្ដីសុខ​ក្នុង​ទី​ទាំងពួង ហើយ​អន្ទោល​ទៅ​ក្នុង​កប្ប​ទាំងឡាយ​ដ៏​ច្រើន។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រះពុទ្ធ​វិបស្សី ជា​លោកនាយក មាន​ព្រះនេត្រ​ដ៏​រុងរឿង ឃើញ​នូវ​ពួក​ធម៌​ទាំងអស់ ទ្រង់​កើតឡើង​ហើយ។
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637643942130402510
ទៅកាន់ទំព័រ៖