ព្រះត្រៃបិដក ភាគ ៧៦
ខ្ញុំចូលទៅគាល់ព្រះលោកនាយកនោះ ព្រះអង្គជានរសារថី បានស្ដាប់ធម៌ដ៏ប្រសើរ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសាសនានៃព្រះពុទ្ធជាវីរបុរសនោះ ប្រកបព្យាយាម ជាពហុស្សូត អស់មួយម៉ឺនឆ្នាំ។ ខ្ញុំជាអ្នកឈ្លាសវៃក្នុងធម៌ ជាបច្ចយាការ ក្លៀវក្លាក្នុងចតុរារិយសច្ច មានបញ្ញាដ៏ល្អិត ជាធម្មកថិកាដ៏វិចិត្រ ជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា។ លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងឋានតុសិត ជាទេវតាមានយស គ្របសង្កត់ពួកទេវតាដទៃ ក្នុងឋានតុសិតនោះ ដោយផលនៃព្រហ្មចរិយធម៌។ ខ្ញុំទៅកើតក្នុងទីណាៗ ជាស្រីមានភោគៈច្រើន មានទ្រព្យច្រើន មានប្រាជ្ញា មានរូបល្អ ទាំងបរិស័ទក៏មានសណ្ដាប់ធ្នាប់។ ខ្ញុំតែងកើតទាន់សាសនានៃព្រះជិនស្រី ដោយបុញ្ញកម្ម និងសេចក្ដីព្យាយាមនោះ សម្បត្តិទាំងអស់ ខ្ញុំរកបានដោយងាយ ទាំងជាទីស្រឡាញ់ពេញចិត្តរបស់ខ្ញុំ។
ID: 637643942351652498
ទៅកាន់ទំព័រ៖