ព្រះត្រៃបិដក ភាគ ៧៦
សូម្បីបុរសណា ជាភស្ដារបស់ខ្ញុំ ដែលខ្ញុំដើរទៅក្នុងទីណាៗ ភស្ដានោះៗ មិនដែលមើលងាយខ្ញុំឡើយ ព្រោះផលនៃការប្រតិបត្តិរបស់ខ្ញុំ។ ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកោនាគមនៈ ទ្រង់មានផៅពង្សប្រសើរ មានយសច្រើន ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើង។ កាលនោះ ជន ៣ នាក់ គឺនាងធនញ្ជានី ១ សុមេធា ១ ខ្លួនខ្ញុំ ១ កើតក្នុងត្រកូលដ៏ស្ដុកស្ដម្ភ ក្នុងនគរពារាណសី។ យើងទាំងឡាយ ជាអ្នកកសាងវិហារ ហើយឧទ្ទិសថ្វាយចំពោះព្រះពុទ្ធ ព្រមទាំងព្រះសង្ឃ បានវេរថ្វាយសង្ឃារាម និងទាន រាប់ដោយពាន់ដ៏ច្រើន ចំពោះព្រះមុនី។ លុះយើងទាំងឡាយគ្រប់គ្នា ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស ដល់នូវភាពជាបុគ្គលប្រសើរដោយយស ទាំងក្នុងមនុស្សលោក ក៏ដូចគ្នា។ ក្នុងកប្បនេះដដែល ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សប្រសើរ មានយសធំ ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើង។
ID: 637643942579933890
ទៅកាន់ទំព័រ៖