ព្រះត្រៃបិដក ភាគ ៧៦
ក្នុងកាលមួយ ព្រះអង្គជាអាទិច្ចវង្សរបស់ជន កំពុងសម្ដែងធម៌ ខ្ញុំបានស្ដាប់មហានិទានសូត្រ ដែលជាសូត្រមិនទាន់ដែលកើតមាន ហើយក៏រៀនយកនូវសូត្រនោះ។ ខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ ក៏ទៅកើតក្នុងឋានតាវត្តឹង្ស ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង។ លុះដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបានជាធីតា ជាទីពេញចិត្ត ជាទីស្រឡាញ់ ជាទីប្រោសប្រាណ របស់ស្ដេចព្រះនាមមទ្ទៈ ក្នុងបុរីដ៏ឧត្ដមឈ្មោះសាកលា។ ការក្សេមក្សាន្ត កើតមានឡើងក្នុងបុរីនោះ ដំណាលគ្នានឹងការដែលខ្ញុំកើតឡើង ព្រោះហេតុនោះ ពាក្យថា នាងខេមា ជាឈ្មោះរបស់ខ្ញុំ កើតឡើងដោយគុណ។ កាលណា ខ្ញុំដល់នូវវ័យដ៏ចម្រើន ស្អិតស្អាងរូប និងពណ៌ ក្នុងកាលនោះ ព្រះវររាជបិតាបានប្រទានខ្លួនខ្ញុំ ទៅព្រះបាទពិម្ពិសារ។ ខ្លួនខ្ញុំជាទីស្រឡាញ់ដ៏ក្រៃលែង របស់ព្រះរាជាអង្គនោះ ជាស្រីត្រេកអរក្នុងការប្រកាន់រូប ខ្ញុំមិនដែលបានចូលទៅគាល់ព្រះពុទ្ធ ព្រះអង្គមានសេចក្ដីអាណិតធំ ដោយខ្ញុំគិតឃើញថា ព្រះពុទ្ធជាអ្នកពោលទោស ចំពោះរូប។
ID: 637643943016339934
ទៅកាន់ទំព័រ៖