ព្រះត្រៃបិដក ភាគ ៧៦

 គ្រានោះ ខ្ញុំ​ឮនូវ​សមិទ្ធិ​នៃ​វត្ត​វេឡុវ័ន ជា​រឿង​នាំមក​ដល់​ត្រចៀក និង​ចិត្ត​របស់ខ្ញុំ ខ្ញុំ​មានប្រាថ្នា​ចង់ទៅ​មើល​ឧទ្យាន​នោះ ទើប​ក្រាបទូល​ព្រះរាជា។ គ្រានោះ ព្រះរាជា​ម្ចាស់ផែនដី​អង្គ​នោះ ទ្រង់​បញ្ជូន​ខ្ញុំ​ដែល​កំពុង​ខ្វល់ខ្វាយ ដើម្បី​ទៅ​មើល​ឧទ្យាន ដោយ​បរិវារ​ច្រើន ដោយ​ព្រះបន្ទូល​ថា ម្នាលនាង​មាន​ភោគៈ​ច្រើន ព្រៃ​ណា​ដែលគេ​ត្រេកអរ​ហើយ ដោយ​ពន្លឺ ព្រះ​សុគត រមែង​ភ្លឺ​ដោយ​សិរី គ្រប់​កាល​ទាំងពួង ចូរ​នាង​ទៅចុះ ចូរ​នាង​មើល​ព្រៃ​នោះ ដែល​ជាទី​ត្រេកអរ​នៃ​ភ្នែក។ ព្រះ​មុនី​សម្ពុទ្ធ ស្ដេច​ទៅកាន់​បុរី​ដ៏​ឧត្ដម​ឈ្មោះ​គិរិ​ព្វ​ជៈ ដើម្បី​បិណ្ឌបាត​ក្នុង​កាលណា ខ្ញុំ​ក៏​ចូល​ទៅ​មើល​វត្ត​វេឡុវ័ន ក្នុង​កាលនោះ។ គ្រានោះ វត្ត​វេឡុវ័ន​នោះ មាន​ដើមឈើ​រីក ផ្កា​ស្គុះស្គាយ ដែល​ទ្រហឹង​ដោយ​ភមរ​ជា​តិ​ផ្សេងៗ ប្រកបដោយ​ចម្រៀង​នៃ​សត្វ​តា​វ៉ៅ ដែល​ពួក​ក្ងោក​កំពុង​ពង់ពេន។ វត្ត​វេឡុវ័ន ជាវ​ត្ត​មាន​សំឡេង​តិច មិន​កុះករ​ដោយ​មនុស្ស ស្អិតស្អាង​ដោយ​ទី​ចង្ក្រម​ផ្សេងៗ មាន​កុដិ និង​មណ្ឌប រៀប​ជាជួរ​រៀងរាយ ដែល​យោគី​វីរបុរស​គួរ​ត្រេកអរ​ដ៏​វិសេស។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637643943645246654
ទៅកាន់ទំព័រ៖