ព្រះត្រៃបិដក ភាគ ៧៦

ក្នុង​កាលណា ខ្ញុំ​មិនបាន​ឃើញ​ព្រះពុទ្ធ​ជាទី​ពឹង​របស់​សត្វលោក ព្រះអង្គ​មិន​មាន​កង​កិលេស ដល់​នូវ​ទីបំផុត​នៃ​មរណៈ ខ្ញុំ​នឹង​សម្ដែង​ទោស​នោះ មាន​អត្ថ​ដ៏​ពីរោះ ក្នុង​កាលនោះ។ ខ្ញុំ​ព្រះអង្គ​ឥតមាន​រង្កៀស​ចំពោះ​ព្រះពុទ្ធ ព្រះអង្គ​មានប្រយោជន៍​ធំ ឲ្យ​នូវ​គុណ​ដ៏​ប្រសើរ​ថា ព្រះអង្គ​ឥតប្រយោជន៍ ដូច្នេះ​ឡើយ ខ្ញុំ​ជា​អ្នក​ត្រេកអរ​ក្នុង​រូប ទើប​មិនបាន​ចូល​មក​គាល់​ព្រះអង្គ ខ្ញុំ​នឹង​សូម​សម្ដែង​នូវ​ទោស​នោះ។ កាលនោះ ព្រះពុទ្ធ​ជិនស្រី មានសម្លេង​ពីរោះ ប្រកបដោយ​មហាករុណា ស្រោច​ខ្ញុំ​ដោយ​ទឹក គឺ​អម្រឹត ហើយ​បាន​ត្រាស់​ថា ម្នាលនាង​ខេមា ចូរ​នាង​ឈប់​សិន។ ក្នុង​កាលនោះ ខ្ញុំ​អោន​ប្រណម្យ​ដោយ​ត្បូង ធ្វើ​ប្រទក្សិណ​ចំពោះ​ព្រះអង្គ ហើយ​ទើប​ដើរចេញ​ទៅ លុះ​ខ្ញុំ​ឃើញ​ព្រះ​នរបតី​ហើយ ខ្ញុំ​ពោល​ពាក្យ​នេះ​ថា បពិត្រ​ព្រះអង្គ​ទូន្មាន​នូវ​សត្រូវ ឱហ្ន៎! ឧបាយ​នេះ ព្រះអង្គ​ទ្រង់ព្រះ​ចិន្ដា​ហើយដោយ​ប្រពៃ បពិត្រ​ព្រះអង្គ​ជា​អ្នកប្រាជ្ញ ការ​រំលត់ (កិលេស) ដែល​ខ្ញុំម្ចាស់​ប្រាថ្នា​ដើម្បី​មើល​នូវ​វត្ត​វេឡុវ័ន ក៏បាន​ឃើញ​ហើយ។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637643945064465025
ទៅកាន់ទំព័រ៖