ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ដឹង​នូវ​បុព្វេ​និ​វា​សៈ ទាំង​ទិព្វចក្ខុ ក៏​ខ្ញុំ​បាន​ជម្រះ​ហើយ អាសវៈ​ទាំងអស់​របស់ខ្ញុំ​អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មីទៀត​មិន​មាន​ទេ ញាណ​របស់ខ្ញុំ​ដ៏​បរិសុទ្ធ ក្នុង​អត្ថ ធម៌ និរុត្តិ និង​បដិភាណ កើតឡើង​ហើយ​ក្នុង​ពុទ្ធសាសនា។ ខ្ញុំ​ជា​ស្រី​វាងវៃ​ក្នុង​វិសុទ្ធិ​ទាំងឡាយ​ផង ក្លៀវក្លា​ក្នុង​កថាវត្ថុ​ទាំងឡាយ​ផង ស្គាល់​ន័យ​ក្នុង​អភិធម្ម​ផង ដល់​នូវ​ការ​ស្ទាត់​ក្នុង​សាសនា​ផង។ លំដាប់នោះ ខ្ញុំ​ដែល​ព្រះរាជា​ម្ចាស់​ដែន​កោសល ទ្រង់​សាកសួរ​ទៀប​ទី​ក្លោងទ្វារ ក៏​ដោះ​នូវ​ប្រស្នា​ទាំងឡាយ​ដ៏​ល្អិត តាម​សេចក្ដីពិត។ គ្រានោះ ព្រះរាជា​នោះ ទ្រង់​ចូល​ទៅ​គាល់​ព្រះ​សុគត​ហើយ​ទូល​សួរ ឯព្រះពុទ្ធ​ក៏​ទ្រង់​ដោះស្រាយ ដូច​ខ្ញុំ​បាន​ដោះស្រាយ​ប្រស្នា​ទាំងនោះ​ដែរ។ ព្រះ​ជិនស្រី ព្រះអង្គ​ជា​បុគ្គល​ឧត្ដម​ជាង​ជន ត្រេកអរ​ចំពោះ​គុណ​នោះ ហើយ​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ​ថា ខេមា​ភិក្ខុនី​នេះ ប្រសើរ​ផុត​ជាង​ភិក្ខុនី​ទាំងឡាយ ដែល​មាន​ប្រាជ្ញា​ច្រើន។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637643945995246849
ទៅកាន់ទំព័រ៖