ព្រះត្រៃបិដក ភាគ ៧៦
បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ឆ្លងផុតនូវជាតិសង្សារហើយ ដល់នូវព្រះនិព្វាន ជាទីមិនកម្រើក ខ្ញុំម្ចាស់សូមក្រាបទូលនូវទុក្ខទាំងពួង របស់ខ្ញុំម្ចាស់ដែលអស់ហើយ។ ពួកបរិស័ទទាំងប៉ុន្មាន ជ្រះថ្លាក្នុងសាសនានៃព្រះជិនស្រី កំហុសរបស់ខ្ញុំម្ចាស់ មានចំពោះពួកជនណា សូមពួកជននោះ អត់ទោសក្នុងទីចំពោះព្រះភក្រ្តនៃព្រះជិនស្រីឲ្យទាន។ បពិត្រព្រះអង្គ ជាមហាវីរបុរស ខ្ញុំម្ចាស់កំពុងអន្ទោលទៅក្នុងសង្សារ បើខ្ញុំម្ចាស់មានសេចក្ដីភ្លាត់ភ្លាំង ខ្ញុំម្ចាស់សូមអង្វរ សូមព្រះអង្គអត់ទោស ចំពោះកំហុសនៃខ្ញុំម្ចាស់នោះ។ ម្នាលនាងអ្នកធ្វើតាមសាសនារបស់តថាគត បើដូច្នោះ ចូរនាងសម្ដែងនូវឫទ្ធិចុះ ចូរនាងញ៉ាំងបរិស័ទទាំង ៤ ឲ្យកាត់នូវសេចក្ដីសង្ស័យទាំងប៉ុន្មាន ក្នុងថ្ងៃនេះចុះ។ បពិត្រព្រះអង្គ ជាមហាវីរបុរស ទ្រង់មានបញ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿង ខ្ញុំម្ចាស់ជាធីតារបស់ព្រះអង្គ ចំណែកខាងអំពើដ៏ច្រើន ដែលគេកម្រធ្វើបាន ខ្ញុំព្រះអង្គបានធ្វើឲ្យជាអំពើរឹតតែកម្រក្រៃលែង។
ID: 637643946513996185
ទៅកាន់ទំព័រ៖