ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះអង្គ ជាម​ហា​វីរបុរស ទ្រង់​មាន​បញ្ញាចក្ខុ សម្បុរ​របស់ខ្ញុំ​ម្ចាស់​ដូចជា​សម្បុរ​នៃ​ផ្កា​ឧប្បល ខ្ញុំម្ចាស់​មានឈ្មោះ​ថា​ឧប្បល​វណ្ណា ជា​ធីតា​របស់​ព្រះអង្គ សូម​ថ្វាយបង្គំ​ព្រះ​បាទា។ ព្រះ​រា​ហុល​ត្ថេ​រ និង​ខ្ញុំម្ចាស់ ធ្លាប់​កើត​ក្នុង​ភព​តែមួយ អស់​រយ​នៃជា​តិ​ជាច្រើន ជា​អ្នកមាន​ចិត្ត និង​ឆន្ទៈ​ស្មើគ្នា។ ការ​កើតឡើង​ក្នុង​ទី​ជាមួយគ្នា​ក៏​មាន ក្នុង​ជាតិ​ជាមួយគ្នា​ក៏​មាន លុះដល់​បច្ឆិមភព ជន​ទាំងពីរ​នាក់ កើត​ដោយ​ឈ្មោះ (ផ្សេងគ្នា)។ ព្រះរាជបុត្រ បាន​មក​ជា​កុមារ​ឈ្មោះ​រាហុល ខ្ញុំម្ចាស់​បាន​មក​ជា​ធីតា​ឈ្មោះ ឧប្បល​វណ្ណា បពិត្រ​ព្រះអង្គ​ជា​វីរបុរស សូម​ព្រះអង្គ​ទត​ឫទ្ធិ​នៃ​ខ្ញុំម្ចាស់​ចុះ ខ្ញុំម្ចាស់​នឹង​សម្ដែង​កម្លាំង​ថ្វាយព្រះ​សាស្ដា។ នាង​ឧប្បល​វណ្ណា ដាក់​មហាសមុទ្រ​ទាំង ៤ លើ​ផ្ទៃ​បាតដៃ ហាក់ដូច​កូនក្មេង​លេង​ប្រេង ដែល​តាំងនៅ​លើ​បាតដៃ។ នាង​ឧប្បល​វណ្ណា ឆ្កិះ​ផែនដី​ដាក់លើ​ផ្ទៃ​បាតដៃ ដូចជា​ក្មេង​ជំទង់​ដក​នូវ​ស្មៅ​យាប្លង​ដ៏​វិចិត្រ។
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637643946719152549
ទៅកាន់ទំព័រ៖