ព្រះត្រៃបិដក ភាគ ៧៦

នាង​ឧប្បល​វណ្ណា បាំង​នូវ​បាតដៃ​ស្មើ​ចក្រវាឡ​លើ​ក្បាល ហើយ​ញ៉ាំង​គ្រាប់​ភ្លៀង មាន​ពណ៌​ផ្សេងៗ ឲ្យ​ធ្លាក់ចុះ។ នាង​ធ្វើ​ផែនដី​ជា​ត្បាល់ ធ្វើ​គ្រួស​ជា​ស្រូវ ធ្វើ​ភ្នំ​សិនេរុ​ជា​អង្រែ ដូច​ក្មេងស្រី​បុកស្រូវ។ ខ្ញុំម្ចាស់​ឈ្មោះ​ឧប្បល​វណ្ណា ជា​ធីតា​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ ជា​អ្នក​ស្ទាត់​ក្នុង​អភិញ្ញា​ទាំងឡាយ ជា​អ្នកធ្វើ​តាម​សាសនា​របស់​ព្រះពុទ្ធអង្គ។ បពិត្រ​ព្រះអង្គ​មាន​បញ្ញាចក្ខុ ខ្ញុំម្ចាស់​សូម​ធ្វើ​នូវ​វិ​កុ​ព្វ​នឫទ្ធិ​ផ្សេងៗ សម្ដែង​ថ្វាយព្រះ​លោកនាយក ហើយ​ប្រកាស​នូវ​នាម និង​គោត្រ ទើប​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី ខ្ញុំម្ចាស់​ជា​អ្នក​ស្ទាត់​ក្នុង​ឫទ្ធិ​ផង ក្នុង​ទិព្វសោត​ធាតុ​ឫទ្ធិ​ផង ជា​អ្នក​ស្ទាត់​ក្នុង​ចេ​តោ​បរិ​យញ្ញា​ណផង។ ខ្ញុំម្ចាស់​ដឹង​នូវ​បុព្វេ​និ​វា​សៈ ទាំង​ទិព្វចក្ខុ​ក៏​ខ្ញុំម្ចាស់​ជម្រះ​ហើយ អាសវៈ​ទាំងអស់ ក៏​អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មីទៀត មិន​មាន​ទៀត​ទេ។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637643946925246202
ទៅកាន់ទំព័រ៖