ព្រះត្រៃបិដក ភាគ ៧៦
សុត្តន្តបិដក
ខុទ្ទកនិកាយ អបទាន
បញ្ចមភាគ
ថេរិយាបទាន
សុមេធាវគ្គ ទី១
សុមេធាថេរិយាបទាន ទី១
លំដាប់តទៅនេះ ចូរចាំស្តាប់នូវថេរិកាបទានទាំងឡាយចុះ
[១] កាលព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ គង់នៅក្នុងសង្ឃារាម យើងជាស្រ្តី ៣ នាក់ ជាសំឡាញ់នឹងគ្នា បានថ្វាយនូវវិហារទាន។ ពួកយើងបានទៅកើតក្នុងពួកទេវតា អស់ ១០ ជាតិផង មួយរយជាតិផង មួយម៉ឺនជាតិផង ចាំបាច់និយាយថ្វីក្នុងការកើតជារបស់មនុស្ស។ ខ្ញុំជាស្រីមានឫទ្ធិច្រើន ក្នុងពួកទេវតាទាំងឡាយ ចាំបាច់និយាយថ្វី ក្នុងការកើតជារបស់មនុស្ស ខ្ញុំកើតជាស្រីកែវ ធ្វើជាមហេសីរបស់ស្តេច មានរតនៈ ៧។
ID: 637643918635089948
ទៅកាន់ទំព័រ៖