ព្រះត្រៃបិដក ភាគ ៧៦
ឯកបិណ្ឌបាតទាយិកាថេរិយាបទាន ទី៦
[៦] ព្រះមហាក្សត្រព្រះនាមពន្ធុមៈ ក្នុងក្រុងពន្ធុមវតី ខ្ញុំជាអគ្គមហេសីរបស់ស្តេចនោះ បានពោលនូវពាក្យខ្លះ (នឹងស្តេចនោះ)។ កាលនោះ ខ្ញុំអង្គុយក្នុងទីស្ងាត់ ហើយគិតយ៉ាងនេះថា កុសលដែលអញគួរយកទៅបរលោក អញមិនបានធ្វើសោះ អញនឹងទៅកាន់នរក ដែលជាឋានក្តៅខ្លាំងខ្លោចផ្សា មានសភាពគួរខ្លាច អាក្រក់ក្រៃលែងដោយពិត អញមិនមានសេចក្តីសង្ស័យក្នុងដំណើរនេះឡើយ។ ខ្ញុំចូលទៅគាល់ព្រះរាជា ហើយក្រាបទូលដូច្នេះថា បពិត្រព្រះមហាក្សត្រ សូមព្រះអង្គប្រទាននូវសមណៈមួយអង្គដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងនិមន្តលោកឲ្យឆាន់។ ព្រះមហារាជ ទ្រង់ប្រទាននូវសមណៈមួយអង្គ ដែលមានឥន្រ្ទិយអប់រំហើយដល់ខ្ញុំ ខ្ញុំទទួលនូវបាត្ររបស់លោកហើយ បំពេញដោយបាយដ៏ប្រសើរ។ លុះខ្ញុំបំពេញហើយ ធ្វើនូវបាយដ៏ប្រសើរ ឲ្យជាបាយលាយដោយវត្ថុមានក្លិនក្រអូប បិទដោយសំណាញ់ គ្របដោយសំពត់លឿង។
ID: 637643924572121349
ទៅកាន់ទំព័រ៖