ព្រះត្រៃបិដក ភាគ ៧៦

កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សត្ត​ឧប្បល​មា​លិកា​ភិក្ខុនី​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សត្ត​ឧប្បល​មា​លិកា​ថេ​រិយា​បទាន។


បញ្ច​ទី​បិកា​ថេ​រិយា​បទាន ទី៩


 [៩] ក្នុង​កាលនោះ ខ្ញុំ​ជា​អ្នកដំណើរ នៅ​អាស្រ័យ​ក្នុង​នគរ​ហង្ស​វតី ជា​ស្រី​ពេញចិត្ត​ក្នុង​កុសល តែង​ទៅ​អំពី​អារាម ទៅកាន់​អារាម។ ខ្ញុំ​បានឃើញ​នូវ​ពោធិព្រឹក្ស​ដ៏​ឧត្តម ក្នុង​ថ្ងៃ​កាឡ​ប័ក្ខ ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ចំពោះ​ពោធិព្រឹក្ស​នោះ ហើយ​អង្គុយ​នៅ​ក្បែរ​គល់​នៃ​ពោធិព្រឹក្ស។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637643926638214997
ទៅកាន់ទំព័រ៖